រមណីយដ្ឋាន«ភ្នំតាម៉ៅ»ប្រែមុខមាត់យ៉ាងណាខ្លះនាពេលបច្ចុប្បន្ននេះ?
ខេត្តតាកែវ៖
ពិតជាមិននឹកស្មានដល់ទេ នៅរមនីយដ្ឋាន«ភ្នំតាម៉ៅ»
គឺមានការរៀបចំបានយ៉ាងល្អ និងស្អាតខុសពីមុន
ដោយមានរបៀបតាមកន្លែងនីមួយៗដែលខុសពីប៉ុន្មានឆ្នាំមុន ។
គេសង្កេតឃើញការរៀបចំបានល្អជាងមុន
ចាប់តាំងពីមាត់ខ្លោងទ្វារច្រកចូលឡើងទៅលើដល់លើភ្នំ ហើយសល់ តិចតួចប៉ុណ្ណោះ មិនទាន់បានល្អនៅឡើយ ។ អ្នកទៅលេងភ្នំតាម៉ៅ
នៅពេលនេះមានការភ្ញាក់ផ្អើលនឹងការរៀបចំបានល្អប្រសើរជាងមុន
បូករួមទាំងទេសភាព ទឹកស្រះថ្លាឆ្វង់ គួរឱ្យគយគន់ និងចង់ថតរូប ស្វែលហ្វីនូវសម្រស់ធម្មជាតិបៃតងពិតៗនេះ ។
បើសិនជាអ្នកខានទៅទីនោះយូរ
អ្នកអាចនឹងអាចជិះវង្វេងផ្លូវបាន
ដោយសារផ្លូវមានការចាក់បេតុងស្អាតភ្លឹងៗ និងមានផ្លូវ២
ទៅ៣ច្រកឯណោះមុនជិះចូលដល់ភ្នំ ។
ប៉ុន្តែគេក៏បានឃើញដាក់ផ្លាកជាសញ្ញាសម្គាល់ច្រកចេញ-ច្រកចូលដែរ ។
យើងពិតជាដឹងហើយថា រមណីយដ្ឋានភ្នំតាម៉ៅ គឺស្ថិតក្នុងទឹកដីខេត្តតាកែវ
ដោយយើងអាចជិះតាមបណ្តោយផ្លូវជាតិលេខ២ ក្នុងភូមិកណ្តឹងធំ ឃុំកណ្តឹង
ស្រុកបាទី ។
នៅពីខាងមុខខ្លោងទ្វារច្រកចូលទៅភ្នំ
ពលរដ្ឋដាក់តាំងលក់នំចំណីអាហារ និងមានលក់ភេសជ្ជៈពីខាងមុខខ្លោងទ្វារ ។
បើយើងជិះចូលគឺនឹងឃើញផ្លូវចាក់បេតុងស្អាត
ងាយស្រួលឱ្យបងប្អូនធ្វើដំណើរងាយស្រួលទាំងរថយន្ត ម៉ូតូ
ដែលវាខុសពីកាលប៉ុន្មានឆ្នាំមុន
ផ្លូវមានខូចនិងគន្លុកធំៗជាច្រើនកន្លែង ។ចំណែកការសុំលុយ
តាមដងផ្លូវក៏មិនសូវ ឃើញមានផងដែរ ។ ស្រមៃកាលពីជំនាន់មុនវិញ
នៅទីតាំងសួនសត្វចម្រុះ គឺគេរៀបចំដាក់តែមួយកន្លែងទេ
ដើម្បីឱ្យបងប្អូនដើរលេង និងមើលកម្សាន្ត ។ ប៉ុន្តែពេលនេះ
គឺគេបានរៀបចំប្លែកហើយទីតាំងធំទូលាយជាងមុនទៀតផង
ដោយមានទ្រុងសត្វគ្រប់ប្រភេទ
ដែលគេយកមកដាក់ចិញ្ចឹមក្នុងទ្រុងសត្វនីមួយៗ
គឺមានដាក់ជាអក្សរខ្មែរនិងបរទសបញ្ជាក់ពីឈ្មោះសត្វនោះ ឱ្យភ្ញៀវទេសចរខ្មែរនិងបរទេសបានដឹងនិងស្គាល់
។
ជាក់ស្តែងក្នុងទ្រុងសត្វនីមួយៗ
គឺឃើញមានសត្វក្រពើធំ-តូច២ទៅ៤ក្បាល, សត្វពស់, សត្វប្រើសតូច-ធំ, សត្វអណ្តើកធំ-តូច,
សត្វស្វា, ខ្លាឃ្មុំព្រៃ, ក្តាន់, សត្វទោច និងដំរី
។ល។….ឱ្យបងប្អូនយើងដើរទស្សនាតាមទីតាំងកន្លែងនីមួយៗ ។
ចំពោះសត្វណាដែលកាចៗនោះ គឺដាក់របងការពារយ៉ាងមាំទាំ
ដើម្បីកុំឱ្យបង្កគ្រោះថ្នាក់ដល់បងប្អូនដែលកំពុងដើរមើល ។
ក្រឡេកមកមើលក្បែរជណ្តើរឡើង
ទៅកាន់លើភ្នំតាម៉ៅវិញ គឺឃើញបងប្អូនមួយចំនួនកាន់ធូប ទៀន
ឡើងទៅអុជនៅលើភ្នំបន់ ស្រន់ពីរូបសំណាកតាម៉ៅ ដើម្បីសុំសេចក្តីសុខ ។
ឯខ្លះទៀត បានដើរទៅទិញម្ហូប នំ ចំណី អាហារ ដែលគេដាក់តាំងលក់
មានដូចជាមាន់ដុត,
ត្រីអាំង, ក្តាមបំពង
និងខ្លាញ់ក្តាមអាំងជាដើម ក្នុងតម្លៃសមរម្យអាចទទួលយកបាន ។ បងប្អូនខ្លះ
បានមកកម្សាន្តជាលក្ខណៈគ្រួសារ ពេលគាត់ទិញចំណីអាហារួចហើយ
ក៏ក្រាលកន្ទេលក្រោមម្លប់ដើមឈើធំៗ ញ៉ាំអាហារ
និងផឹកជុំបងប្អូនយ៉ាងសប្បាយរីករាយ ។ ឯខ្លះទៀត
បានទៅសម្រាកក្នុងតូបដែលគេសង់ដោយមានអង្រឹងចង ឱ្យសម្រាក
និងអាចកុម្មង់ម្ហូបបានតាមដែលយើងត្រូវការ ដោយមិនមានគិតថ្លៃតូបនោះទេ
។
សរុបមក គឺពិតជាមានការប្រែប្រួលខ្លាំង នៅក្នុងរមនីយដ្ឋានភ្នំតាម៉ៅនាពេលបច្ចុប្បន្ន ។ ស្របពេលដែលប្រទេសកម្ពុជាពីមួយថ្ងៃទៅមួយថ្ងៃ គឺកំពុងបានអភិវឌ្ឍន៍ជាប្រចាំ ឱ្យទាន់សម័យកាលដ៏ស៊ីវិល័យនិងកាន់តែទំនើប ។ បងប្អូនខ្មែរសង្ឃឹមទៀតថា នៅថ្ងៃមុខ តាមរមណីយដ្ឋានទាំងអស់នៅក្នុងប្រទេសកម្ពុជា នៅតែអាចរក្សារូបរាង សម្រស់ និងភាពទាក់ទាញបាន ដើម្បីទុកឱ្យកូនចៅខ្មែរជំនាន់ក្រោយបានស្គាល់ បានដឹង ពីប្រវត្តិនៃតំបន់រមណីដ្ឋាននីមួយៗ ឱ្យបានច្បាស់លាស់ និងដើម្បីការកម្សាន្ត ។
បើបងប្អូនចង់ដឹងថា តើភ្នំតាម៉ៅពេលនេះបានប្រែប្រួលអ្វីខ្លះនោះ តោះនាំគ្នាទៅលេងលំហែអារម្មណ៍ជាមួយទេសភាពធម្មជាតិ បៃតងស្រស់ត្រកាល និងខ្យល់អាកាសបរិសុទ្ធម្តងមើល៍….!!!!











No comments: