ព័ត៌មានថ្មីៗ
recent

ល្ខោនខោល​របស់​កម្ពុជា ត្រូវបាន​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​របស់​អង្គការ​យូណេស្កូ​ជាផ្លូវការ​ហើយ​នៅថ្ងៃនេះ

ភ្នំពេញ៖ ​ល្ខោនខោល​វត្ត​ស្វាយ​អណ្តែត (Lkhon Khol Wat Svay Andet) របស់​កម្ពុជា ត្រូវបាន​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​របស់​អង្គការ​យូណេស្កូ​ផ្លូវការ​ហើយ​នា​អំឡុង​នៃ​សម័យប្រជុំ​លើក​ទី​១៣​នៃ​គណៈកម្មាធិការ​អន្តររដ្ឋាភិបាល​សម្រាប់​ការថែរក្សា​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៅ​មជ្ឈមណ្ឌល Swami Vivekananda International Convention Centre (SVICC) ក្រុង Port Loiuis ប្រទេស​ម៉ូ​រី​ស នៅ​ថ្ងៃទី​២៨ ខែវិច្ឆិកា​នេះ​ យោងតាមសេចក្តីប្រកាសព័តមានរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅរសៀលថ្ងៃនេះ។
​ល្ខោន​ដ៏​ចំណាស់​របស់​ខ្មែរ​មួយ​នេះ ស្ថិតក្នុង​ចំណោម​បញ្ជី​បេតិកភណ្ឌ​អរូបី​ដែល​ត្រូវការ​សង្គ្រោះបន្ទាន់ (Urgent Safeguarding List)​ដូច​បេតិកភណ្ឌ​ផ្សេងទៀត​ពី​អាល់​ហ្សេ​រី អា​សែ​បៃ​ហ្ស​ង់ អេ​ហ្ស៊ី​ប កេ​ន​យ៉ា ប៉ា​គី​ស្ថាន និង​ស៊ី​រី​។​
​ល្ខោនខោល​ជា​ប្រភេទ​ល្ខោន​យ៉ាង​ចំណាស់​មួយ​ក្នុងចំណោម​ទម្រង់​សិល្ប​ទស្សនីយភាព​នៅ​កម្ពុជា ដែល​មាននៅ​ដើម​សម័យអង្គរ​។ គេ​ជឿថា ល្ខោន​ដែល​ពាក់​មុខ​ខ្មុក​សំដែង​នេះ កើតឡើង​នា​អំឡុង​សតវត្ស​ទី​៩ ដោយ​សំអាង​លើ​ចម្លាក់​នៅ​ជ​ញ្ជាំ​ប្រាសាទអង្គរវត្ត​។​
​យោងតាម​សៀវភៅ «​បញ្ជីសារពើភ័ណ្ឌ​បេតិកភណ្ឌ​វប្បធម៌​អរូបី​យ៍​កម្ពុជា​» (Inventory of Intangible Cutural Heritage of Cambodia) ល្ខោនខោល បាន​វិ​វ​ឌ្ឍ​ចេញពី​ល្ខោន​ព្រះរាជ​ទ្រ​ព​ទៅជា​ល្ខោន​ដែល​សំដែង​ដោយ​មនុស្ស​ប្រុស​សុទ្ធ​។
ល្ខោនខោល មាន​សំដែង​តែ​រឿង​រាមកេរ្តិ៍​ប៉ុណ្ណោះ ហើយ​ការសំដែង​មាន​អមដោយ​ពំនោល​សាច់រឿង និង​កំដរ​ដោយ​ភ្លេងពិណពាទ្យ​។ កាលពីដើម ល្ខោនខោល មាន​៦​ក្រុម ប៉ុន្តែ​បែកខ្ញែក​គ្នា​អស់​នៅ​សម័យ​សង្គ្រាម ហើយ​ក្រុម​ល្ខោនខោល​វត្ត​ស្វាយ​អណ្តែត ជា​ក្រុម​តែមួយគត់​ដែល​នៅ​សេសសល់​។​
​សហគមន៍​វត្ត​ស្វាយ​អណ្ដែត​ដែល​ស្ថិតក្នុង​ភូមិ​តា​ស្គរ ឃុំ​សារិកាកែវ ស្រុក​ល្វាឯម ខេត្តកណ្តាល បាន​ថែរក្សា​ល្ខោនខោល និង​បង្រៀន​គ្នា​ពីមួយ​ជំនាន់​ទៅមួយ​ជំនាន់​ពី​គ្រូ​ទៅ​សិស្ស រួមទាំង​ការសម្ដែង​ទៅតាម​ជំនឿ​ប្រពៃណី​ទំនៀមទម្លាប់​របស់​សហ​គម​ន៍ ពេល​ចូលឆ្នាំ​ដើម្បី​សិរី​សួស្ដី និង​សុំ​ទឹកភ្លៀង​ធ្វើស្រែ​ចម្ការ​នៅ​ឆ្នាំ​បន្ទាប់ និង​កម្មវិធី​ផ្សេងៗ​ទៀត​។​
​កម្ពុជា បាន​ស្នើសុំ​ចុះបញ្ជី​ល្ខោនខោល​វត្ត​ស្វាយ​អណ្តែត កាលពី​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០១៧​។ ប្រតិភូ​កម្ពុជា ដែល​បាន​ចូលរួម​ក្នុងសម័យ​ប្រជុំ​លើក​ទី​១៣​នៃ​គណៈកម្មាធិការ​អន្តររដ្ឋាភិបាល​សម្រាប់​ការថែរក្សា​បេតិកភណ្ឌ​វប្បធម៌​អរូបី មាន​លោកជំទាវ ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ឯកឧត្តម កេ​ត សាផាន់ អនុរដ្ឋលេខាធិការ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ លោកជំទាវ Helen Jarvis និង​ឯកឧត្តម Teruo Jinnai ដែលជា​ទីប្រឹក្សា​រដ្ឋាភិបាល មន្ត្រី​ជំនាញ និង​តំណាង​កម្ពុជា​ប្រចាំ​យូណេស្កូ ៥​រូប​ទៀត​៕

No comments:

Powered by Blogger.