ព័ត៌មានថ្មីៗ
recent

ការជួយសង្គ្រោះក្នុងរូងភ្នំនៅថៃ ៖ តើក្រុមអ្នកមុជទឹកជនជាតិអង់គ្លេស ​ដែលរកឃើញក្រុមក្មេងប្រុសដែលបាត់ខ្លួន គឺជាអ្នកណា?

(បាងកក) ៖ ក្រុមអ្នកមុជទឹកចំនួន២នាក់ ដែលបានរកឃើញ ក្រុមក្មេងប្រុសជនជាតិថៃ ចំនួន១២នាក់ និងគ្រូបង្វឹកម្នាក់របស់ពួកគេ កាលពីថ្ងៃចន្ទម្សិលមិញនោះ មិនត្រឹមតែជាមន្ត្រីយោធាជំនាញ និងអ្នកមុជទឹកជំនាញនោះទេ ប៉ុន្តែក៏ជាក្រុមអ្នកស្ម័គ្រចិត្ត មកពីចក្រភពអង់គ្លេសផងដែរ។
ពន្លឺភ្លើងពិលជាលើកដំបូង ដែលបានចាំងលើផ្ទៃមុខក្រុមក្មេងប្រុស បន្ទាប់ពីបានជាប់គាំងក្នុងរូងភ្នំ អស់រយៈពេល៩ថ្ងៃ ដោយទឹកជំនន់ នៅរូងភ្នំ Tham Luang ខេត្ត Chiang Rai ប្រទេសថៃនោះ, សំណួរមួយ ក្នុងចំណោមសំណួរជាច្រើន របស់ក្រុមក្មេងប្រុស គឺ «តើអ្នកមកពីណា»? ​អ្នកជួយសង្គ្រោះម្នាក់ ក្នុងចំណោមក្រុមអ្នកជួយសង្គ្រោះ បានឆ្លើយតបថា «ចក្រភពអង់គ្លេស»។
ក្រុមអ្នកមុជទឹកជនជាតិអង់គ្លេសចំនួន២នាក់ ដែលបានរកឃើញក្រុមក្មេងប្រុសនោះ គឺជាសមាជិកនៃក្រុមអ្នកជួយសង្គ្រោះ ចំនួន៣នាក់ ដែលមកពីក្រុមប្រឹក្សា ជួយសង្គ្រោះក្នុងរូងភ្នំ របស់ចក្រភពអង់គ្លេស។ ពួកគេត្រូវបានគេស្គាល់ឈ្មោះថា John Volanthen អាយុ៤៧ឆ្នាំ និងម្នាក់ទៀត មានឈ្មោះ Rick Stanton អាយុ៥៦ឆ្នាំ។ ដោយឡែកម្នាក់ទៀត ជាកងទ័ពជើងទឹកថៃ។លោក Volanthen ដែលជាអ្នកវិស្វករអ៊ីនធើណេត នៅទីក្រុង Bristol របស់ចក្រភពអង់គ្លេសផងនោះ គឺជាមន្ត្រីជំនាញលេចធ្លោរម្នាក់ នៅក្នុងការជួយសង្គ្រោះក្នុងរូងភ្នំ ដោយលោកបានហាត់មុជទឹក តាំងពីវ័យក្មេងមកម្ល៉េះ។ ដោយឡែក លោក Stanton ដែលជាមន្ត្រីពន្លត់អគ្គីភ័យ ផងដែរនោះ បានចេះមុជទឹក តាំងពីលោកមានអាយុ១៨ឆ្នាំ ហើយធ្លាប់បានទទួលពាន់រង្វាន់ លំដាប់ថ្នាក់ចក្រភពអង់គ្លេស (Order of the British Empire)​ សម្រាប់ការងារជួយសង្គ្រោះ របស់លោកទៀតផង។ លោក Stanton បានប្រាប់សារព័ត៌មានក្នុងស្រុកមួយ កាលពីឆ្នាំ២០១២ថា ការងារដែលលោក សម្រេចបាន ធំជាងគេបំផុតនោះ គឺបានជួយសង្គ្រោះទាហានអង់គ្លេស ចំនួន៦នាក់ ដែលបានជាប់គាំង ក្នុងរូងភ្នំ នៃប្រទេសម៉ិកស៊ិក។
លោក Stanton និងលោក Volanthen ក៏ធ្លាប់បានជួយជនជាតិបារាំងម្នាក់ ដែលបានជាប់គាំងនៅក្រោមដី នាតំបន់ Ardeche ភាគខាងត្បូងប្រទេសបារាំង កាលពីឆ្នាំ២០១០ផងដែរ បន្ទាប់ពីជនរងគ្រោះ បានបាត់ខ្លួនអស់រយៈពេល៨ថ្ងៃ។ ពួកគេទាំងពីរនាក់ ក៏បានចូលរួមជាមួយនឹងក្រុមមួយ ដែលបានបំបែកកំណត់ត្រាពិភពលោក សម្រាប់ការមុជទឹកក្នុងរូងភ្នំ ដែលវែងជាងគេបំផុត នៅរូងភ្នំ Pozo Azul ក្នុងប្រទេសអេស្ប៉ាញ កាលពីឆ្នាំ២០១១ផងដែរ។ ពួកគេទាំងពីរនាក់ ក៏ជាក្រុមអ្នកស្ម័គ្រចិត្ត ជាមួយនឹងក្រុមជួយសង្គ្រោះ South and Mid Wales Cave Rescue Team ទៀតផង។
គួរជម្រាបថា ក្រុមអាជ្ញាធរថៃ កាលពីសប្តាហ៍មុន បានស្នើសុំទៅកាន់មជ្ឈមណ្ឌលជួយសង្គ្រោះ BCRC ដើម្បីជួយ ហើយក្រុមអ្នកមុជទឹកក្នុងរូងភ្នំ ពោរពេញដោយជំនាញចំនួន៣នាក់ ត្រូវបានបញ្ជូនមកជួយ។ ប្រតិបត្តិការជួយសង្គ្រោះ ក្មេងប្រុសនិងគ្រូបង្វឹក ដែលបានបាត់ខ្លួននេះ ត្រូវបានដឹកនាំដោយក្រុមអាជ្ញាធរថៃ និងក្រុមមន្ត្រីជំនាញប្រមាណ១,០០០នាក់, ក្រុមមន្ត្រីប៉ូលិសនៃបញ្ជាការអាមេរិក និងអូស្រា្តលី ចំនួន៣០នាក់ ព្រមទាំងអ្នកឯកទេស មកពីជប៉ុន, ចិន, មីយ៉ាន់ម៉ា និងប្រទេសឡាវ បានចូលរួមជួយសង្គ្រោះផងដែរ។
សូមជម្រាបថា​ ក្រោយពីបានរកឃើញក្រុមក្មេងប្រុស និងគ្រូបង្វឹក កាលពីយប់ថ្ងៃចន្ទម្សិលមិញ, ក្រុមអ្នកជួយសង្គ្រោះ កំពុងត្រៀមខ្លួន សម្រាប់ការជម្លៀសមនុស្សចេញដ៏លំបាក ដែលពួកគេទាំង១៣នាក់ ត្រូវបានជាប់គាំង ដោយមានការហ៊ុំព័ទ្ធដោយគំនរភក់ និងរណ្តៅទឹក​នៅក្នុងរូងភ្នំដែល​លិចទឹក៕
 

No comments:

Powered by Blogger.