មជ្ឈដ្ឋានទូទៅមានភ្ញាក់ផ្អើលជាខ្លាំង ក្រោយព្រះមហាក្សត្រត្រាស់បង្គាប់តម្លើងឋានរន្តស័ក្តិ ដល់ជនជាប់ចោទ ឡាយ វណ្ណៈ អតីតអភិបាលខេត្តតាកែវ ដែលកំពុងជាប់ឃុំឃាងនៅមន្ទីរ PJ.....
ភ្នំពេញ៖ បើទោះបីមានរឿងក្ដីពាក់ព័ន្ធឃាតកម្មទៅលើស្រីកំណាន់របស់ខ្លួន និងកំពុងតែត្រូវឃុំខ្លួនជាបណ្ដោះអាសន្នយ៉ាងណាក៏ដោយ ក៏អតីតអភិបាលខេត្តតាកែវដ៏មានប្រជាប្រីយ៏ភាពពីសំណាក់ពលរដ្ឋខេត្តតាកែវ លោក ឡាយ វណ្ណៈ ត្រូវបានព្រះមហាក្សត្របានចេញព្រះរាជក្រឹតតម្លើងថានៈពីឧត្តមមន្រ្តីថ្នាក់លេខ៤មកជាឧត្តមមន្រ្តីថ្នាក់លេខ៣។
យោងតាមព្រះរាជក្រឹតដែលបានឡាយព្រហស្ថលេខាកាលពីថ្ងៃទី១៣ ខែ មិថុនា ឆ្នាំ ២០១៨ និងត្រូវបានចែកផ្សាយនៅថ្ងៃទី ១៥ខែ មិថុនា ឆ្នាំ ២០១៨នេះ ព្រះមហាក្សត្រសម្ដេចព្រះ នរោត្តម សីហមុនី ដោយយោងតាមសេចក្ដីក្រាបបង្គំទូលថ្វាយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គបានត្រាស់បង្គាប់តម្លើងថ្នាក់តាមវេនប្រចាំឆ្នាំដល់មន្រ្តីរាជការ១៧៩ រូប ក្នុងថានន្តរស័ក្តិ «ឧត្តមមន្រ្តី» នៃក្របខ័ណ្ឌមន្រ្តីរដ្ឋបាលជាន់ខ្ពស់ក្រសួងមហាផ្ទៃ។ នៅក្នុងចំណោមមន្រ្តីដែលតែងតាំងទាំង១៧៩ នាក់ គេឃើញឈ្មោះ លោក ឡាយ វណ្ណៈ ដែលស្ថិតនៅលេខរៀងទី ៤៧ ត្រូវបានតម្លើងតំណែងពីឧត្តមមន្រ្តីថ្នាក់លេខ៤មកជាថ្នាក់លេខ៣។
បន្ទាប់ពីព្រះរាជក្រឹតនេះបានចេញនិងបានចែកផ្សាយ ត្រូវបានមហាជនជាច្រើនមានចម្ងល់ ព្រោះគេឃើញឈ្មោះលោក ឡាយ វណ្ណៈ មានឈ្មោះនៅក្នុងបញ្ជីតម្លើងតំណែង ខណៈពេលដែលលោកកំពុងតែជាប់ឃុំឃាំងនៅពន្ធនាគារPJជាបណ្ដោះអាសន្ន ដោយសង្ស័យពាក់ព័ន្ធទៅនិងអំពើមនុស្សឃាតទៅលើស្រ្តីកំណាន់របស់ខ្លួនឈ្មោះ ចេវ សុវឌ្ឍនា កាលពីថ្ងៃទី ២៦ខែ មករា ឆ្នាំ២០១៨ នៅក្នុងភូមិផ្សារតាកោ សង្កាត់រកាក្នុង ក្រុងដូនកែវ ។
លោក ឡាយ វណ្ណៈ ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យបញ្ចប់តំណែងជាអភិបាលខេត្តតាកែវកាលពីថ្ងៃចន្ទ ទី ២៦ ខែ មិនា ឆ្នាំ ២០១៨ ហើយត្រូវបានឃាត់ខ្លួននៅក្រុងដូនកែវ កាលពីថ្ងៃអាទឹត្យទី ១ ខែ មេសា ឆ្នាំ ២០១៨ នៅចំនុចមុខវិទ្យាល័យជាស៊ីម បន្ទាប់ពីបានចេញពីពិធីផ្ទេរតំណែងរបស់លោកពីប្រធានគណបក្សប្រជាជនកម្ពុជាប្រចាំខេត្តតាកែវទៅឲ្យលោក អ៊ូច ភា ដែលជាអភិបាលខេត្តថ្មី។ លោក ឡាយ វណ្ណៈ និងបងប្រុស ឡាយ ណារិទ្ធ ត្រូវបានព្រះរាជអាជ្ញារងក្រុងភ្នំពេញចោទប្រកាន់ពីបទមនុស្សឃាត ហើយបើសិនជាចៅក្រមសើបសួររកឃើញថាពិតជាបានប្រព្រឹត្តដូចការចោទប្រកាន់មែន លោកនិងបងប្រុសអាចជាប់ពន្ធនាគារពី១០ទៅ១៥ ឆ្នាំ។
គួបញ្ចាក់ដែលថា នៅក្នុងសំណុំរឿងឃាតកម្មលើអ្នកស្រី ចេវ សុវឌ្ឍនា នេះមានជនសង្ស័យ ៥ នាក់ផ្សេងទៀតដែលត្រូវបានចាប់ខ្លួនមានលោក ឡាយ ណារិទ្ធ អតីតស្នងការងខេត្តតាកែវ និងជាបងប្រុសលោក ឡាយ វណ្ណៈ ឈ្មោះ ចាន់ រី ភេទស្រី និងប្តីឈ្មោះ ជឹម វុធ ជាអ្នកបម្រើនៅផ្ទះនាង ចេវ សុវឌ្ឍនា ដែលជានារីរងគ្រោះ ឈ្មោះ មេន សម័យ អ្នកបើកឡានឲ្យលោក ឡាយ វណ្ណៈ និងឈ្មោះ តាក់ រតនា ជាអ្នកបើកឡានឲ្យលោក ឡាយ ណារិទ្ធ។ ការចាប់ខ្លួននេះត្រូវបានចោទប្រកាន់ពីបទលាក់បាំងបទល្មើស មិនរាយកាណ៍ឲ្យសមត្ថកិច្ច។ ក្រោយការសួរនាំមនុស្ស២នាក់ត្រូវបានដោះលែងអោយទៅផ្ទះវិញ ។
នៅមុនពេលចាប់ខ្លួនលោក ឡាយ វណ្ណៈ បានទទួលស្គាល់តាមហ្វេសប៊ុករបស់លោកថា លោកពិតជាមានទំនាក់ទំនងស្នេហាជាមួយនឹងស្ត្រីមេម៉ាយកូន ៣ ឈ្មោះ ចេវ សុវឌ្ឍនា ពិតមែន ហើយលោកក៏បានបង្ហោះរូបថតស្និទ្ធស្នាលជាច្រើនសន្លឹកជាមួយស្ត្រីមេម៉ាយរូបនេះផងដែរ។ ទោះយ៉ាងណា លោកបានបដិសេធថាលោក និងបងប្រុសរបស់លោកមិនបានប្រព្រឹត្តអំពើមនុស្សឃាតនោះទេ។ ប៉ុន្តែលោកថា ការស្លាប់របស់នាង ចេវ សុវឌ្ឍនា គឺមកពីការធ្វើអត្តឃាតដែលលោកអះអាងថានាងបានប៉ុនប៉ងសម្លាប់ខ្លួនជាច្រើនលើកមកហើយ។
លោកឡាយ វណ្ណៈ សរសេរដូច្នេះថា៖ «ខ្ញុំសូមបញ្ជាក់អះអាងថា រូបខ្ញុំ និងប្អូនស្រី ចេវ សុវឌ្ឍនា មានទំនាក់ទំនងស្នេហាស្រឡាញ់គ្នាជាមួយគាត់ពិតប្រាកដមែនក្នុងរយៈពេលជាង ១ ឆ្នាំកន្លងមកនេះ! ក្រោយមកខ្ញុំបានសុំកាត់ផ្តាច់ទំនាក់ទំនងជាមួយគាត់ដែលធ្វើឲ្យគាត់ខឹងសម្បានឹងខ្ញុំ រហូតដល់គាត់គិតខ្លីធ្វើអត្តឃាតខ្លួនឯង! នេះជារឿងពិត! អ្វីដែលខ្ញុំធ្វើខុសឆ្គង ខ្ញុំហ៊ានទទួល»។
លោកបានសរសេរបន្តទៀតថា៖ «ប៉ុន្តែខ្ញុំសូមបដិសេធទាំងស្រុងនូវរាល់ការចោទប្រកាន់ដែលថា រូបខ្ញុំ និងបងប្រុសខ្ញុំបានសម្លាប់ប្អូនស្រី ចេវ សុវឌ្ឍនា! ខ្ញុំ និងបងប្រុសខ្ញុំ ពុំមានចិត្តបាបសាហាវព្រៃផ្សៃសម្លាប់គាត់ទេ»។ លោកបានលើកឡើងថា បើសិនជាលោក និងបងប្រុសលោកបានសម្លាប់អ្នកស្រី ចេវ សុវឌ្ឍនា មែននោះម្លេះក្រោយពីគេដកតំណែងលោកចេញពីអភិបាលខេត្ត ហើយក្រសួងមហាផ្ទៃបើកការស៊ើបអង្កេតនោះ លោក និងបងប្រុសបានរត់ចេញទៅក្រៅប្រទេសសុំសិទ្ធិជ្រកកោននយោបាយពីស្ថានទូតបរទេសហើយ។
លោកបានសរសេរបន្ថែមថា៖ «ខ្ញុំនៅទីនេះហើយនិងមិនរត់ចោលគណបក្សប្រជាជនកម្ពុជា និងប្រទេសជាតិរបស់ខ្ញុំទេ! ខ្ញុំជឿជាក់លើប្រព័ន្ធច្បាប់ និងតុលាការរបស់ប្រទេសយើង ថានឹងផ្តល់យុត្តិធម៌ដល់រូបខ្ញុំ និងបងប្រុសខ្ញុំ និងមន្ត្រីដទៃទៀតដែលរងការចោទប្រកាន់»៕







No comments: