អភិបាលខេត្តក្រចេះ អញ្ជើញបើកការដ្ឋានជួសជុលផ្លូវលំ ក្នុងឃុំព្រែកប្រសព្វ
ក្រចេះ៖ នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨នេះ លោក វ៉ា ថន អភិបាលខេត្តក្រចេះ រួមទាំងក្រុមការងារថ្នាក់ ខេត្ត-ស្រុក-ឃុំ បានអញ្ជើញបើកការដ្ឋានជួសជុលផ្លូវលំក្រាលគ្រួសក្រហមចំនួន១ខ្សែ ប្រវែង១៤គីឡូម៉ែត្រ ទទឹង៦មែត្រ ដែលជាថវិកាគម្រោងរបស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត នៅចំនុចភូមិឧបសម្ព័ន្ធ បុកទឹក ក្នុងភូមិព្រែកប្រសព្វលើ ឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។
ក្នុងរបាយការណ៍របស់ប្រធានមន្ទីរអភិវឌ្ឍន៍ខេត្ត លោក លឹម ជាវហាវ បានបញ្ជាក់ថា កាលពីទស្សវត្ស៩០ កំណាត់ផ្លូវនេះ ជាផ្លូវថ្មើរជើង ពុំមានការតភ្ជាប់ជាខ្សែផ្លូវច្បាស់លាស់នៅឡើយទេ ការប្រាស្រ័យទាក់ទងគ្នាគឺជួបប្រទះការលំបាកជាខ្លាំង។ លោក លឹម ជាវហាវ បានបន្ថែមថា នៅពេលនេះផ្លូវក្នុងឃុំព្រែកប្រសព្វ មានចំនួន២ខ្សែ និងសាងសង់ដោយមានស្តង់ដារ ហើយខ្សែទី១ ភ្ជាប់ពីភូមិសោបទៅ ភូមិជ្រោយអំពិល មានប្រវែង៤២គីឡូមែត្រ ឆ្លងកាត់៤ឃុំ និងខ្សែទី២ ភ្ជាប់ពីព្រែកប្រសព្វលើទៅព្រំប្រទល់ខេត្តកំពង់ធំ មានប្រវែង៥៣គីឡូមែត្រ ឆ្លងកាត់៣ឃុំ ។
មានប្រសាសន៍បន្ថែមក្នុងពិធីនេះ លោកអភិបាលខេត្ត បានបញ្ជាក់ថា ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនានា បានកសាងឡើងស្ទើរគ្រប់តំបន់ មិនថានៅទីប្រជុំជន ឬទីជនបទនោះទេ ដែលទាំងនេះគឺមកពីស្រុកទេសមានសុខសន្តិភាព ស្ថិរភាពនយោបាយសង្គម មានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ ទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាប្រមុខ។ ឃុំព្រែកប្រសព្វនេះ គឺជាតំបន់ដែលផ្តល់អំណោយផលដល់វិស័យកសិកមុ្ម ដល់បងប្អូនប្រជាកសិករ តែត្រូវមានការត្រួតពិនិត្យ និងប្រុងប្រយ័ត្នខ្ពស់ ក្នុងការជ្រើសរើសពូជ និងប្រើប្រាស់ថ្នាំគីមី ដែលជាបញ្ហាបណ្តាលឲ្យប៉ះពាល់ដល់សុខភាព និងជីវិត។
លោកបន្តថា ខណៈពេលដែលប្រទេសមានការអភិវឌ្ឍន៍រីកចម្រើនគ្រប់វិស័យក៏ពិតមែន តែផ្នែកសន្តិសុខសណ្តាប់ធ្នាប់ សាធារណៈ គឺចរាចរណ៍ផ្លូវគោក ចំនួនអ្នករងគ្រោះថ្នាក់ នៅតែមានតួរលេខកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ យ៉ាងហោចណាស់មានមនុស្ស៥នាក់បានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍។ សព្វថ្ងៃេនះរាជរដ្ឋាភិបាល បាននឹងកំពុងខិតខំយកចិត្តទុកដាក់ពង្រឹងការត្រួតពនិត្យ និងធ្វើការទប់ស្កាត់ផាកពិន័យ តែទោះជាយ៉ាណាក៏ចំនួនអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍នេះនៅតែមាន ដោយសារអ្នកបើកបរមិនគោរពច្បាប់បទដ្ឋាន និងមិនបានយល់ច្បាស់ពីសិទ្ធិនៃការធ្វើចរាចរណ៍លើផ្លូវសាធារណៈ ហើយបានបង្ករឲ្យមានគ្រោះថ្នាក់ដល់អ្នកធ្វើដំណើររួមនៅលើផ្លូវតែមួយ និងខាតបងនូវទ្រព្យសម្បត្តិរដ្ឋ និងទ្រព្យសមប្បត្តិផ្ទាល់ខ្លួនផងដែរ ។ ម្យ៉ាងវិញទៀត បញ្ហាគ្រឿងញៀនក៏នៅតែជាបញ្ហា ដែលបង្កឲ្យមានគ្រោះថ្នាក់ និងខាតបង់ធនធានជាច្រើនផងដែរ ដូច្នេះសូមរួមគ្នាគោរព និងអនុវត្តតាមច្បាប់បទដ្ឋាន ស្តីពីច្បាប់ចរាចរណ៍ផ្លូវគោក និងរួមគ្នាទប់ស្កាត់ និងរាយការណ៍អំពីសកម្មភាពផ្ទុយពីច្បាប់ទាក់ទង និងភូមិ-ឃុំមានសុវត្ថិភាព និងជាពិសេសរួមគ្នាថែរក្សាការពារនូវសមិទ្ធផលនានា ក្នុងមូលដ្ឋាន និងខិតខំអភិរក្សនូវសមិទ្ធផលចាស់ ហើយអភិវឌ្ឍន៍សមិទ្ធផលថ្មី ៕





No comments: