អ្នកបង្ហោះសារតាមបណ្ដាញសង្គមពីការធ្វើពហិការមិនទៅបោះឆ្នោត នឹងត្រូវសមត្ថកិច្ចធ្វើការឃាត់ខ្លួន
ភ្នំពេញ៖ខណៈពេលដែលក្រុមអ្នកគាំទ្រអតីតៈគណបក្សប្រឆាំងបានបង្ហោះសារតាមបណ្ដាញសង្គមFacebook ពីការធ្វើពហិការមិនទៅចូលរួមបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនៅពេលខាងមុខ ក្រសួងមហាផ្ទៃកំពុងស្រាវជ្រាវរកអ្នកបង្ហោះសារទាំងនោះ ដោយក្រសួងចាត់ទុកថា វាគឺជាយុទ្ធនាការឃោសនាខុសច្បាប់។
ថ្លែងប្រាប់វិទ្យុVOA កាលពីម្សិលមិញ លោក ខៀវ សុភ័ក្រ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានថ្លែងថា ក្រសួងកំពុងស្រាវជ្រាវ និងចាត់វិធានការចំពោះអ្នកដែលបានបង្ហោះសារពហិការមិនទៅបោះឆ្នោតជាតិ នាពេលខាងមុខ នៅលើបណ្តាញសង្គម និងអ៊ីនធឺណេត ដើម្បីចាប់ខ្លួនអ្នកបង្ហោះសារទាំងអស់នោះយកទៅអប់រំ និងផាកពិន័យ ហើយបើនៅតែមិនរាងចាលយើងនិងចាត់វិធានការផ្លូវច្បាប់តែម្ដង។
ដោយឡែកពាក់ព័ន្ធទៅនិងការបង្ហោះសាររបស់ក្រុមអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជាពីការទៅចូលរួមបោះឆ្នោត ត្រូវបានអ្នកនាំពាក្យក្រសួងមហាផ្ទៃរូបនេះចាត់ទុកថា វាជាការឃោសនាស្របច្បាប់។
គួបញ្ចាក់ថា លោក សម រង្ស៊ី អតីតប្រធានគណបក្សប្រឆាំង និងក្រុមជំទាស់ ដែលកំពុងស្ថិតនៅបរទេស បានអំពាវនាវឲ្យប្រជាពលរដ្ឋកុំទៅបោះឆ្នោត ប្រសិនបើមិនមានការចូលរួមពីគណបក្សសង្គ្រោះជាតិ ដោយលោកថា ការបោះឆ្នោតខាងមុខជាការបោះឆ្នោតក្លែងក្លាយ សម្រាប់បង្គ្រប់កិច្ចឲ្យគណបក្សកាន់អំណាចដឹកនាំប្រទេសតាមរបៀបផ្តាច់ការ។
បន្ទាប់ពីមានការអំពាវនាវរបស់លោក សម រង្ស៊ី គេឃើញអ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួនបានបង្ហោះបដារ ក៏ដូចជាសារលើគណនីហ្វេសប៊ុករបស់ពួកគេដោយមានអត្ថន័យថា «ខ្ញុំនឹងមិនទៅបោះឆ្នោតទេ ព្រោះគ្មានគណបក្សដែលខ្ញុំចូលចិត្ត» និងបង្ហោះ «ដេកផ្ទះឈ្នះដាច់» រួមទាំងការថតម្រាមចង្អុលដៃ ដោយមានសរសេរសារ «ម្រាមដៃស្អាត» ជាដើម៕
No comments: