ព័ត៌មានថ្មីៗ
recent

រយៈពេល៦ខែក្នុងឆ្នាំ២០១៧ ចំនួនស្រ្តីស្លាប់ដោយសារឆ្លងទន្លេរនៅខេត្តតាកែវមានការកើនឡើង

    ក្នុងចំណោមស្រ្តីជាង៧ពាន់នាក់ ដែលមកសម្រាលកូន ឬឆ្លងទន្លេ នៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកនានា មានស្រ្តីតែ៣នាក់ប៉ុណ្ណោះដែលបានស្លាប់បាត់បង់ជីវិត ក្រោយពី សម្រាលបានបុត្ររួច ។
    លោកវេជ្ជបណ្ឌិត ប្រាក់ សុវណ្ណារិទ្ធិ ប្រធានគាំពារមាតា និងទារក នៃមន្ទីរសុខាភិបាលខេត្តតាកែវ បានថ្លែងឲ្យដឹងនៅថ្ងៃទី ០៣ ខែកក្កដា ឆ្នាំ ២០១៧នេះថា ក្នុងរយៈពេលឆមាសទី១នៃឆ្នាំ២០១៧នេះ មន្ទីរពេទ្យ ក៍ដូចជាមណ្ឌលសុខភាពតាមមូលដ្ឋាននានារបស់ខេត្តតាកែវ បានទទួលការសម្រាលកូនមានចំនួន ៧.៥៣០នាក់ ដែលស្មើនឹង៣៥ភាគរយ នៃចំនួនរំពឹងទុករបស់ស្រ្តីដែលមានផ្ទៃពោះ២១.៣៦១នាក់ ហើយក្នុងនោះស្លាប់តែស្រ្តីជាម្តាយចំនួន៣នាក់ ដោយសារ តែមានការស្លាក់ឈាមច្រើន និងក្រឡាភ្លើង និងកត្តាផ្សេងទៀតដូចជា ភាពយឺតយ៉ាវនៃការមកដល់របស់គាត់ អត់មានផែនការច្បាស់លាស់ថាតើត្រូវទៅសម្រាលនៅមន្ទីរពេទ្យរដ្ឋ ឬគីន្លីចឯកជន និងភាពយឺតយ៉ាវរបស់ពេទ្យ១ចំនួន ហើយចំនួននៃការស្លាប់របស់ស្រ្តីសម្រាល កូននេះ បើយើងបៀបធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០១៦ គឺមានការកើនឡើងចំនួន២នាក់ ។
  លោកវេជ្ជបណ្ឌិតប្រធានគាំពារមាតា និងទារក បន្ថែមទៀតថា យុទ្ធសាស្រ្តរបស់ក្រសួងសុខាភិបាល ក៍ដូចជាមន្ទីរសុខាភិបាល គឺធ្វើយ៉ាងណាកាត់បន្ថយឲ្យបានច្រើនចំពោះមារណៈភាពមាតា និងទារក ក្នុងនោះគឺនៅតាមមន្ទីរពេទ្យ និងមណ្ឌលសុខភាព គឺយើងត្រៀមឡាន ឈាមសម្រាប់បញ្ជូនបន្តទៅមន្ទីរពេទ្យធំៗ ក៍ដូចជាការបើកទ្វារទទួលការសម្រាល២៤ម៉ោងលើ២៤ម៉ោង ក្នុងរយៈពេល១សប្តាហ៍ពេញ ។
  លោកវេជ្ជបណ្ឌិត បន្តថា រាជរដ្ឋាភិបាលកម្ពុជា បើកសិទ្ធិទូលាយដល់ប្រជាពលរដ្ឋទាំងអស់ក្នុងការសម្រេចចិត្តយកកូនលើសពី១ ដោយពុំមានការរារាំង ឬមានទោសអ្វីទាំងអស់ចំពោះ ការយកកូនច្រើននេះ ក៍ប៉ុន្តែក៍សូមឲ្យបងប្អូនយល់ផងដែរពីបញ្ហាសុខភាពនៅពេលមានកូន និងរយៈពេលនៃការពពោះ មានន័យថាក្នុងចន្លោះនៃការមានកូនគឺកម្រិតពីគ្នាពី៣ឆ្នាំទៅ៥ឆ្នាំ ទើបម្តាយ និងទារកមានសុខភាពល្អ ហើយគ្រួសារក៍មានពេលវេលាច្រើនសម្រាប់ប្រកបរបរចិញ្ចឹមជិវិត ។
  ជាមួយគ្នានេះដែរលោកវេជ្ជបណ្ឌិត ប្រាក់ សុវណ្ណារិទ្ធិ ក៍បានធ្វើការអំពាវនាវស្រ្តីទាំងអស់ ដែលស្ថិតក្នុងវ័យបន្តពូជ និងកំពុងមានផ្ទៃពោះ សូមមកទទួលសេវាព្យាបាល និងពិនិត្យផ្ទៃពោះ នៅមណ្ឌលសុខភាពឲ្យបានទៀងទាត់ ដើម្បីឲ្យមាតា និងទារកក្នុងផ្ទៃ មានសុខភាល្អមាំមួន និងក្នុងពេល ក្រោយពេលសម្រាល គឺមិនបានបញ្ហាអ្វីកើតមានឡើង ៕

No comments:

Powered by Blogger.