ព័ត៌មានថ្មីៗ
recent

ប្រធាន​មន្ទីរ​ឧស្សាហកម្ម ​និង​សិប្បកម្ម​ខេត្តកំពត​ អះអាងថា ​បរិមាណ​អំបិល​ឆ្នាំ​២០១៧ ​នឹង​មាន​ការ​ធ្លាក់ចុះ


កំពត ៖ ប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្មខេត្តកំពត បានអះអាងថា ការផលិតអំបិលរបស់សហគមន៍អ្នកផលិតអំបិលខេត្តកំពត បានកំពុងជួបបញ្ហាអាកាសធាតុនៅដើមរដូវ ដែលអាចធ្វើឲ្យបរិមាណ អំបិលនៅក្នុងឆ្នាំ២០១៧ មានការធ្លាក់ចុះ ខណៈដែលឆ្នាំ ២០១៦ កន្លងទៅ ផលិតបាន១២០ពាន់តោន ។
លោក សុខ គឹមជឿន ប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្មខេត្តកំពត បានថ្លែងប្រាប់ តាមរយៈទូរស័ព្ទ នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០១៧ នេះថា នៅក្នុងឆ្នាំ ២០១៦ កន្លងមកនេះ ការផលិតអំបិលរបស់សហគមន៍អ្នកផលិតអំបិល ទទួលបានបរិមាណប្រមាណជាង១២០ពាន់តោន បើប្រៀបធៀបទៅនឹងឆ្នាំ២០១៥ ចំនួននេះគឺមានការធ្លាក់ចុះប្រមាន៥០ពាន់តោន ។
លោកប្រធានមន្ទីរ បានបន្តថា ទោះបីនៅក្នុងឆ្នាំ២០១៦នេះ បរិមាណផលិតអំបិលមានការធ្លាក់ចុះក៏ពិតមែន តែ ការផ្គត់ផ្គងអំបិលនៅទូទាំងប្រទេសមិនមានការខ្វះខាតនោះឡើយ ព្រោះនៅក្នុងសហគមន៍អ្នកផលិតអំបិល សល់ស្តុក នៅក្នុងឆ្នាំ២០១៥ មានប្រមាណជិត២០ម៉ឺនតោន ដែលអាចយកមកធ្វើផ្គត់ផ្គង់ នៅក្នុងឆ្នាំ២០១៧នេះ បានគ្រប់គ្រាន នៅទូទាំងប្រទេស ។
ចំណែកការផលិតអំបិលនៅក្នុងឆ្នាំ២០១៧នេះវិញ លោក សុខ គឹមជឿន បានលើកឡើងថា សហគមន៍អ្នក ផលិតអំបិលខេត្តកំពត និងខេត្តកែប កំពុងជួបការប្រឈមលើបញ្ហាអាកាសធាតុនៅក្នុងដើមរដូវ ដែលជាហេតុមិន អំណោយផលដល់ការផលិត ដូចនេះ បរិមាណអំបិលនៅក្នុងឆ្នាំ២០១៧ នឹងមានការធ្លាក់ចុះជាបន្តបន្ទាប់ទៅទៀត ។
លោក លី ហេង ប្រធានសហគមន៍អ្នកផលិតអំបិលខេត្តកែប កំពត បានលើក ឡើងថា ការផលិតអំបិលរបស់ក្រុមសាមគ្គីក្នុងសហគមន៍អ្នកផលិតអំបិល នៅឆ្នាំ២០១៧នេះ គឺមិនទទួលបានលទ្ធផល គ្រប់តាមផែនការ៩ម៉ឺនតោននោះឡើយ ព្រោះនៅដើមរដូវក្នុងរយៈពេល៣ខែមកនេះ សហគមន៍របស់ខ្លួនពុំទាន់ផលិត បាន១ម៉ឺនតោននៅឡើយ បញ្ហានេះ លោកសន្និដ្ឋានបានថា ការផលិតអំបិលនៅក្នុងឆ្នាំ២០១៧ គឺបានទិន្នផលមិនលើស ពី៤ ទៅ៥ម៉ឺនតោននោះឡើយ ។
យោងតាមរបាយការណ៍សង្ខេប ស្តីពីសកម្មភាពការងាររបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ឆ្នាំ ២០១៥ ឲ្យដឹងថា បរិមាណផលិតអំបិល របស់សហគមន៍អ្នកផលិតអំបិលខេត្តកែប កំពត មានចំនួនប្រមាណជាង ១៧៧ពាន់ តោន ដោយមានលើផ្ទៃដីសរុបទាំងខេត្តកែប កំពត ចំនួនជាង៥ពាន់ហិចតា និងមានសមាជិកអ្នកផលិតអំបិលប្រមាណ ១៩៧ក្រុម ៕

No comments:

Powered by Blogger.