រដ្ឋបាលខេត្តតាកែវ៖ បើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៦ និងលើកទិសដៅការងារឆ្នាំ២០១៧
តាកែវ ៖ នៅព្រឹកថ្ងៃពុធទី ១៨ ខែ មករា ឆ្នាំ ២០១៧ នៅសាលមហោស្រពខេត្តតាកែវ រដ្ឋបាលខេត្តតាកែវបានបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៦កន្លងមកនិងទិសដៅការងារឆ្នាំ២០១៧ ។ សន្និបាតនេះមានការអញ្ជើញចូលរួមជាអធិបតីពីឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវនិងមន្រ្តីរាជការគ្រប់មន្ទីរស្ថាប័នដែលចំណុះអោយរដ្ឋបាលខេត្តតាកែវ។
ថ្លែងនៅក្នុងពិធីបើកសន្និបាតនាឱកាសនោះឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ បានចាត់ទុកសន្និបាតនេះពិតជាមានសារៈសំខាន់ខ្លាំងណាស់ ក្នុងគោលដៅវាយតម្លៃគ្រប់សមិទ្ធផល ដែលរដ្ឋបាលខេត្តសម្រេចបាន ហើយក៏និងមានការពិភាក្សាគ្នារកអោយឃើញនូវចំណុចខ្លាំង ចំណុចខ្សោយ និងបញ្ហាប្រឈមនានាដែលកើតមានឡើងកន្លងមក ដើម្បីរិះរកដំណោះស្រាយកែលម្អឡើងវិញ និងរៀបចំផែនការទទួលខុសត្រូវជាក់លាក់តាមផ្នែកនីមួយៗរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ និងគ្រប់សមត្ថកិច្ចដែលមានការពាក់ព័ន្ធក្នុងការអនុវត្តន៏នៅឆ្នាំ២០១៧ ក៏ដូចជាបណ្ដាលឆ្នាំខាងមុខ ដើម្បីចូលរួមសម្រេចស្របទៅតាមផែនការយុទ្ធសាស្រ្តនិងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៥។
ឯកឧត្តម ឡាយ វណ្ណៈ បានមានប្រសាសន៏បន្តថា ក្នុងឆ្នាំ២០១៦កន្លងមកនេះមានកិច្ចការសំខាន់ៗជាច្រើនដែលយើងទាំងអស់គ្នាសម្រេចបាន។ ភាពជោគជ័យទាំងអស់នេះពិតជាមិនអាចកើតមានឡើងបានទេបើគ្មានការខិតខំប្រឹងប្រែងប្រកបដោយមនៈសិការនិងឆន្ទៈខ្ពស់របស់មន្រ្តីរាជការ កងកំលាំងប្រដាប់អាវុធ និងអាជ្ញាធគ្រប់លំដាប់ថ្នាក់។ រដ្ឋបាលខេត្តតាកែវរំពឹងថា ភាពជោគជ័យដ៏ត្រចះត្រចង់នេះនិងបន្តកើតមានតទៅទៀតនៅក្នុងឆ្នាំ២០១៧នេះ និងបណ្ដាលឆ្នាំបន្តបន្ទាប់ទៀត។ ម្យ៉ាងទៀតភាគជោគជ័យនេះនិងនាំអោយខេត្តតាកែវកាន់តែមានការអភិវឌ្ឍន៏រីកចម្រើនឥតឈប់ឈជាពិសេសនិងធ្វើអោយប្រជាពលរដ្ឋនៅក្នុងខេត្តតាកែវ ទាំងអស់រស់នៅក្នុងភាពសប្បូរសប្បាយផងដែរ៕
No comments: