ប្រធានមន្ទីរព័ត៌មានខេត្តតាកែវ នឹងចាត់វិធានការណ៍ដោយបកចោលស្លាកសញ្ញាក្រុមហ៊ុនស្រាបៀរកម្ពុជាចេញជាប់ព្រំប្រទល់ខេត្តតាកែវ-កណ្តាល
តាកែវ៖ព្រឹកថ្ងៃទី ២០ មករា ២០១៧ នៅសាលប្រជុំមន្ទីរព័ត៌មានខេត្តតាកែវ លោក អៀម ថៃ ប្រធានមន្ទីរព័តមានខេត្តតាកែវ បានអញ្ជើញចូលរួមបើកកិច្ច ប្រជុំ ប្រចាំខែមករា ដើមឆ្នាំ២០១៧ ជាមួយនឹងមន្ត្រីមន្ទីរក្រោមឪវាទ ដើម្បីត្រួតពិនិត្យ និង វាយតម្លៃពីលទ្ធផលការងារដែលបានអនុវត្តកន្លងមក ។
នៅក្នុងឱកាសបើកកិច្ចប្រជុំ លោក អៀម ថៃ ប្រធានមន្ទីរ បានមានប្រសាសន៍ដោយជម្រុញទៅដល់មន្ត្រីក្រោមឪវាទនៃមន្ទីរ ត្រូវខិតខំប្រឹងប្រែងអនុវត្តឲ្យបានល្អចំពោះការងារព័ត៌មាន និងសោតទស្សន៍ ពិសេសថ្មីៗនេះបញ្ហាប៉ាណូស្រាបៀរកម្ពុជា ដែលបិទលើប៉ាណូនៅព្រំប្រទល់ខេត្តតាកែវកណ្តាល និងខេត្តដទៃទៀត ដែលមានស្លាកសញ្ញាស្រាបៀរ កម្ពុជា ដែលវានឹងប៉ះពាល់ទៅដល់ខេត្ត ហើយក៍មានការភ័ន្ទច្រឡំពីសំណាក់មហាជនថា ឲ្យតែចូលដល់ទឹកដី ខេត្តតាកែវដឹងតែផឹកស្រាបៀរកម្ពុជារហូត ។ ដូច្នោះបញ្ហានេះ សូមលោកប្រធានការិយាល័យព័ត៌មានសោតទស្សន៍ ចាត់វិធានការណ៍នេះចេញជាបន្ទាន់ ដើម្បីកុំឲ្យមានការរិះគន់ពីមហាជនពីរឿងប៉ាណូសម្គាល់ខេត្ត ប៉ុន្តែបែរទៅជាមានស្លាកសញ្ញាស្រាបៀរទៅវិញ ដោយហៅតំណាងក្រុមហ៊ុនស្រាបៀរប្រចាំខេត្តតាកែវមកណែនាំពីខ្លឹមសារ ក៍ដូចជាលិខិតបទដ្ឋានគតិយុត្តិដទៃទៀតដែលពាក់ព័ន្ធនឹងសោតទស្សន៍។
លោកប្រធានមន្ទីរព័ត៌មាន បន្តទៀតថា មន្ទីរព័ត៌មាននឹងសុំការអនុញ្ញាតពី សាលាខេត្តដើម្បីចាត់វិធានការណ៍លើស្លាកប៉ាណូ ដែលស្រាបៀរកម្ពុជាបានដាក់ នៅព្រំប្រទល់ខេត្តតាកែវនិងកណ្តាល រួមនឹងកំពង់ស្ពឺ និងខេត្តកំពត ដោយយើងនឹង បកចោលស្លាកប៉ាណូមានឡូគោស្រាបៀរកម្ពុជា ដោយជំនួសមកវិញនូវស្លាកសញ្ញា ត្រឹមត្រូវ នឹងមិនមានការរិះគន់ពីមហាជន ។
ជាមួយគ្នានេះដែរ ក្រៅតែពីការចាត់វិធានការណ៍លើស្លាកសញ្ញាស្រាបៀរកម្ពុជា ហើយនោះ លោកប្រធានមន្ទីរព័ត៌មាន ក៍បានជម្រុញដល់មន្រ្តីការិយាល័យវិទ្យុ ឲ្យបង្កើនការផ្សព្វផ្សាយឲ្យបានទូលំទូលាយចំពោះបញ្ហាគ្រឿងញៀន ដោយធ្វើការ ផ្សព្វផ្សាយ និងអប់រំណែនាំគ្រប់កម្មវិធីផ្សាយរបស់វិទ្យុទាំងអស់ ដើម្បីឲ្យមហាជន ពិសេសយុវជនសូមជៀសឲ្យឆ្ងាយពីគ្រឿងញៀន និងកុំសាកល្បងប្រើប្រាស់គ្រឿងញៀននេះ ៕









No comments: