លួចគាស់ផ្ទះប្រជាពលរដ្ឋនៅស្រុកបាទី ម្ចាស់ដឹងទាន់ចាប់ឃាត់ខ្លួនប្រគល់អោយសមត្ថកិច្ច
តាកែវ: ជនសង្ស័យចំនួន២នាក់ក្នុងចំណោមបក្ខពួក៣នាក់ត្រូវបានសមត្ថកិច្ចនគរបាលស្រុកបាទីឃាត់ខ្លួនជាប់ពាក់ព័ន្ធករណីចោរកម្មដោយបានធ្វើសកម្មភាពគាស់ផ្ទះរបស់ប្រជាពលរដ្ឋតែត្រូវម្ចាស់ដឹងខ្លួនទាន់ក៍ចាប់ខ្លួនរួចប្រគល់អោយសមត្ថកិច្ច ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២ទៀបភ្លឺឈានចូលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិសីហា ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ ។
លោក ង៉ាន់ សារី អធិការស្រុកបាទីបានអោយដឹងថា ជនសង្ស័យមានឈ្មោះ ស្រ៊ឹម បូរី ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិព្រែកសំរោង ឃុំកោះធំ ស្រុកកោះធំ ខេត្តកណ្ដាល និងម្នាក់ទៀតឈ្មោះសេង ស៊ីណា ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិសំប៉ានក្រោម ឃុំព្រៃអំបិល ស្រុកស្អាង ខេត្តកណ្ដាល។ ចំណែកជនសង្ស័យដែលរត់គេចខ្លួនមានឈ្មោះ វ៉ាន់ ភក្តី ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិព្រៃសំរោង ឃុំកោះធំ ស្រុកកោះធំ ខេត្តកណ្ដាល បាននាំគ្នាធ្វើសកម្មភាពគាស់ផ្ទះរបស់ឈ្មោះ ធិញ យ៉ាណូ ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ ។
ក្រោយពេលឃាត់ខ្លួនជនសង្ស័យសមត្ថកិច្ចដកហូតបានម៉ូតូមួយគ្រឿង និងសម្ភារៈមួយចំនួនទៀតផងដែរ ។ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ពួកគេពិតជាបានធ្វើសកម្មភាពគាស់ផ្ទះរបស់ជនរងគ្រោះប្រាកដមែន ។ ជនសង្ស័យរួមនឹងវត្ថុតាងត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការទៅតាមផ្លូវច្បាប់ ៕
ប្រភពដោយ CEN

No comments: