អភិបាលខេត្តបាត់ដំបង ចេញមុខកាងអភិបាលស្រុកថ្មគោល ដែលមានរឿងអាស្រូវពុករលួយ
លោក ច័ន្ទ សុផល អភិបាលខេត្តបាត់ដំបង កំពុងត្រូវមន្ត្រីរាជការនិងប្រជាពលរដ្ឋក្នុងខេត្តនេះ រិះគន់យ៉ាងខ្លាំងបន្ទាប់ពីលោកចេញមុខការពារលោក គង់ លី អភិបាលស្រុកថ្មគោល ដែលជាប់ពាក់ព័ន្ធរឿងអាស្រូវពុករលួយ ហើយត្រូវគេបាចខិតប័ណ្ណកាលពីពេលថ្មីៗកន្លងទៅនេះ។ សូម្បីតែលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ក៏បានរិះគន់លោក ច័ន្ទ សុផល អភិបាលខេត្តបាត់ដំបងផងដែរ ដោយសារតែអភិបាលខេត្តរូបនេះ មិនឲ្យអង្គភាពប្រឆាំងអំពើពុករលួយស៊ើបអង្កេតករណីអភិបាលស្រុកថ្មគោល កេងប្រវ័ញ្ចថវិការដ្ឋរាប់ម៉ឺនដុល្លារ។ ទោះជាយ៉ាងណាមន្ត្រីរាជការនិងប្រជាពលរដ្ឋខេត្តបាត់ដំបង ចង់ឃើញអង្គភាពប្រឆាំងអំពើពុករលួយ ស៊ើបអង្កេតទៅលើរឿងអាស្រូវរបស់លោក គង់ លី ប្រកបដោយតម្លាភាព។
បញ្ហាដែលធ្វើឲ្យមជ្ឈដ្ឋាននានាមានការចាប់អារម្មណ៍នោះ គឺលោក ច័ន្ទ សុផល បញ្ជាក់ថាលោកនឹងមើលខុសត្រូវផ្ទាល់ចំពោះលោក គង់ លី អភិបាលស្រុកថ្មគោល ទាក់ទិននឹងការចោទប្រកាន់កេងប្រវ័ញ្ចថវិកា៧០លានរៀល(១៧៥០០ដុល្លារ) ដែលទុកសម្រាប់សាងសង់ផ្លូវ២ខ្សែ ហើយមិនបញ្ជូនរឿងនេះទៅអង្គភាពប្រឆាំងអំពើពុករលួយឡើយ។ ចំណុចនេះបង្ហាញឲ្យឃើញថា លោក ច័ន្ទ សុផល អភិបាលខេត្តបាត់ដំបង កំពុងចេញមុខកាងលោក គង់ លី ដោយមិនខ្វល់ពីការរិះគន់អ្វីទាំងអស់ ហើយថែមទាំងរារាំងការស៊ើបអង្កេតរបស់អង្គភាពប្រឆាំងអំពើពុករលួយថែមទៀត។ ដូច្នេះក្រសួងមហាផ្ទៃ គួរពិនិត្យទង្វើមិនប្រក្រតីរបស់លោក ច័ន្ទ សុផល អភិបាលខេត្តបាត់ដំបងជាបន្ទាន់ កុំឲ្យអភិបាលខេត្តរូបនេះយកអំណាចរបស់ខ្លួនទៅកាងអភិបាលស្រុកថ្មគោល ដែលជាប់ពាក់ព័ន្ធរឿងអាស្រូវពុករលួយ។
ជុំវិញបញ្ហាខាងលើនេះដែរ លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានរិះគន់ថាលោក ច័ន្ទ សុផល អភិបាលខេត្តបាត់ដំបង កំពុងធ្វើហួសព្រំដែនរបស់លោក។ លោក ឱម យ៉ិនទៀង បានបញ្ជាក់ទៀតថា ជាអភិបាលខេត្តពុំមានសិទ្ធិស៊ើបអង្កេតឬសម្រុះសម្រួលករណីពុករលួយបានទេ ព្រោះបទល្មើសគឺជាបទល្មើសឧក្រិដ្ឋ ដូច្នេះគេត្រូវតែបញ្ជូនរបាយការណ៍ទៅអង្គភាពប្រឆាំងអំពើពុករលួយតាមច្បាប់។ លោក ឱម យ៉ិនទៀង បានសង្កត់ធ្ងន់ថាអភិបាលខេត្តមិនអាចបញ្ចប់ករណីពុករលួយបានទេ បើទោះបីអភិបាលស្រុកថ្មគោល សងប្រាក់វិញក៏ដោយក៏គាត់មិនអាចគេចផុតពីសំណាញ់ច្បាប់បានដែរ។ សំដីរបស់លោក ឱម យ៉ិនទៀង បែបនេះហើយទើបមជ្ឈដ្ឋាននានារង់ចាំមើលចំណាត់ការរបស់អង្គភាពប្រឆាំងអំពើពុករលួយ ទៅលើលោក គង់ លី អភិបាលស្រុកថ្មគោល បើទោះបីលោក ច័ន្ទ សុផល ខំចេញមុខកាងយ៉ាងណាក៏ដោយ៕
ដកស្រង់ចេញពីសារព័ត៌មាន មនសិការខ្មែរ




No comments: