នគរបាលក្រុងដូនកែវ ឃាត់ក្មេងស្ទាវ៤នាក់ សម្ងំជក់គ្រឿងញៀនក្នុងផ្ទះ
ខណៈដែលឪពុកម្តាយ ទៅធ្វើការនៅភ្នំពេញ កូនបាននាំបក្ខពួក មកជក់គ្រឿងញៀន នៅក្នុងផ្ទះ ត្រូវបានកំលាំងនគរបាលក្រុងដូនកែវ សហការជាមួយប៉ុស្ត៏នគរបាលរដ្ឋបាល សង្កាត់បារាយណ៍ ចុះបង្ក្រាបបាន កាលពីវេលាម៉ោង ១២ ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតនៅក្នុងភូមិត្រពាំងល័ក្ខ សង្កាត់បារាយណ៍ ក្រុងដូនកែវ ខេត្តតាកែវ។
លោក ឆាយ សាវុធ អធិការនគរបាលក្រុងដូនកែវ បានអោយដឹងថា បន្ទាប់ពីទទួលបានពត័មានថា មានក្មេងស្ទាវកំពុងប្រើប្រាស់គ្រឿងញៀន នៅចំណុចខាងលើ លោកបានដឹកនាំកំលាំង ចុះបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យ បានចំនួន៤នាក់ រួមមាន ១.ឈ្មោះ សៅ ស្រ៊ុនផាន់នីន ភេទប្រុស អាយុ ១៩ឆ្នាំ ជាកូនម្ចាស់ផ្ទះ, ២.ឈ្មោះ គង់ សារ៉ាក់ ភេទប្រុស អាយុ ២១ឆ្នាំ រស់នៅភូមិអូស្វាយចេក សង្កាត់រកាក្នុង ក្រុងដូនកែវ, ៣.ឈ្មោះ វិក សុផាន់ ភេទប្រុស អាយុ១៥ឆ្នាំ និង៤. ឈ្មោះ ហិន សុខចាន់បូរី ភេទប្រុស អាយុ ១៥ឆ្នាំ។ ទាំង២នាក់ រស់នៅភូមិត្រពាំងឫស្សី សង្កាត់បារាយណ៍ ក្រុងដូនកែវ ជាមួយគ្នា ។
ក្រោយពេលឃាត់ខ្លួនជនសង្ស័យទាំង៤នាក់ សមត្ថកិច្ចឆែកឆេរ និងដកហូតបានសម្ភារៈ ជក់គ្រឿងញៀន បានមួយចំនួន ។ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ បានសារភាពថា ពួកគេពិតជាបានធ្វើសកម្មភាពជក់គ្រឿងញៀន ពិតប្រាកដមែន ។ ជនសង្ស័យ រួមនឹងវត្ថុតាង ត្រូវបានកំលាំងជំនាញ កសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីចាត់ការ តាមនីតិវិធីច្បាប់ ៕
ដកស្រង់ចេញពី កោះសន្តិភាព
ដកស្រង់ចេញពី កោះសន្តិភាព


No comments: