ឯកឧត្តម ឡាយ វណ្ណៈ នាំយកអំណោយសង្គ្រោះរបស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ទៅជូនដល់គ្រួសារដែលត្រូវភ្លើងឆេះផ្ទះកាលពីយប់ថ្ងៃទី ០៩ កុម្ភៈ ២០១៦
ព្រឹកថ្ងៃទី ១០ កុម្ភៈ ២០១៦ ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ បានអញ្ជើញចុះសួរសុខទុក្ខគ្រួសារ លោកហ៊ឹម សុវណ្ណារិទ្ធ ភេទប្រុសអាយុ៥០ឆ្នាំមុខរបរ នគរបាល និងប្រពន្ធឈ្មោះ សាយ សុខឿន អាយុ៥៥ឆ្នាំ មុខរបរមន្ត្រីធនាគារជាតិ រស់នៅភូមិថ្នល់បែក សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ ដែលបានទទួលរងគ្រោះដោយអគ្គីភ័យបានឆាបឆេះផ្ទះកាលពីវេលាម៉ោងប្រមាណ ៧ យប់ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៦ ។
ឯកឧត្តមអភិបាលខេត្ត បានមានប្រសាន៍ថា “សុខទុក្ខ និងការលំបាករបស់បងប្អូនប្រជាពលរដ្ឋ គឺជា សុខទុក្ខ និងជាការលំបាករបស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី តែងតែខិតខំដោះស្រាយគ្រប់ការលំបាក គ្រប់ឧបសគ្គទាំងអស់ ដោយប្រើប្រាស់គ្រប់មធ្យបាយទាំងអស់ដើម្បីប្រទេសជាតិមានការរីកចម្រើន ដើម្បីប្រជាពលរដ្ឋរបស់សម្តេចរស់នៅប្រកបដោយសេចក្តីសុខ សេចក្តីចម្រើន ក៏ដូចជាសុខទុក្ខ និងជាការលំបាករបស់ថ្នាក់ដឹកនាំខេត្តតាកែវទាំងមូល”។
ក្នុងឱកាសនេះដែរឯកឧត្តម ឡាយ វណ្ណៈ បានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនចំនួន ២០០ ដុល្លារអាមេរិក និងអង្ករចំនួន១០០គីឡូក្រាម ជូនដល់គ្រួសាររងគ្រោះ និងប្រជាការពារភូមិចំនួន ៦នាក់ ក្នុងម្នាក់ ទទួលបាន ២០០០០ រៀល និងនាំយកអំណោយរបស់កាកបាទក្រហមរួមមាន ថវិកា ៣០០ ០០០រៀល និងសម្ភារមួយចំនួន ព្រមទាំងជម្រុញដល់អាជ្ញាធរមូលដ្ឋានសូមជួយសាងសង់ដំបូលផ្ទះដើម្បីស្នាក់នៅបណ្តោះអាសន្ន៕
No comments: