ពិពណ៍នាពី ខេត្តតាកែវ
ខេត្តតាកែវស្ថិតនៅទិសខាងត្បូងនៃប្រទេស។ ខេត្តនេះមានវ័យចំណាស់ជាងគេក្នុងចំណោមខេត្ត ក្រុងទាំង ២៥ នៃព្រះរាជាណាចក្រកម្ពុជា។ ថ្វីត្បិតតែស្ថិតនៅទំនាបកណ្តាលប្រទេស តែខេត្តនេះគ្មានទន្លេបាសាក់ហូរឆ្លងកាត់ទេ។ ដង់ស៊ីតេប្រជាជនមាន ២៣៧នាក់ ក្នុង១គីឡូម៉ែត្រក្រឡា ជាដង់ស៊ីតេខ្ពស់ណាស់។ ស្រុក ៣ ប៉ែកខាងកើត៖ ស្រុកព្រៃកប្បាស ស្រុកអង្គរបូរី ស្រុកបូរីជលសារ ជាប់និងស្រុក២៖ ស្រុកស្អាង ស្រុកកោះធំ នៃខេត្តកណ្តាល ជាតំបន់លិចទឹក នៅរដូវវស្សាម្តងៗដោយទឹកទន្លេបាសាក់។ ដោយសារបាតុភូតទឹកឡើង ទឹកស្រក ផ្ទៃដីមួយផ្នែកនៃស្រុកទាំង ៣ខាងលើ ប្រមាណជា១០០គីឡូម៉ែត្រក្រឡា អាចដាំដំណាំស្រូវឡើងទឹកបាន ហើយកសិករក៏អាចធ្វើស្រែប្រាំងបាន នៅតំបន់អង្គរបូរី និងស្រុកបូរីជលសារ។ របរធ្វើស្រូវធ្ងន់ ឬស្រូវប្រវាស់មេឃ គឺពឹងពាក់លើទឹកភ្លៀង ជាផលិតផលសំខាន់របស់ខេត្ត។ ខេត្តតាកែវមានធនធានប្រវត្តិសាស្រ្តសម័យនគរភ្នំ និងសម័យចេនឡា។ ក្នុងចំណោមប្រាសាទ ៣៤ ដែលមាននៅខេត្តនេះ មានប្រាសាទស្ថិតនៅ ៦កន្លែងមានរូបរាងច្បាស់លាស់ គឺ ប្រាសាទភ្នំដា ប្រាសាទបាយ៉ង ប្រាសាទនាងខ្មៅ ប្រាសាទភ្នំជីសូរ ប្រាសាទភ្នំតាម៉ៅ និងប្រាសាទតាព្រហ្ម។ ដកស្រង់ពីសៀវភៅ ភូមិវិទ្យាប្រទេសខ្មែរ និពន្ធដោយលោក សាគូ សាម៉ុត ៕

No comments: